វៀតណាម៖ គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ

(VOVWORLD) - ទន្ទឹមនឹងដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ច វៀតណាមកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវអន្តរជាតិជាច្រើន។ គិតត្រឹមត្រីមាសទីមួយនៃឆ្នាំនេះ ចំនួនភ្ញៀវអន្តរជាតិមកកាន់វៀតណាមបានកើនឡើងជិតទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការកត់សម្គាល់នូវការងើបឡើងវិញយ៉ាងពេញលេញនៃវិស័យទេសចរណ៍ក្រោយពីជំងឺរាតត្បាត Covid-១៩។

យោងតាមតួរលេខដែលបានប្រកាសដោយនាយកដ្ឋានទេសចរណ៍ជាតិវៀតណាមកាលពីដើមខែមេសា បានឱ្យដឹងថា ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមមានចំនួនជាង ៤,៦ លាននាក់ កើនឡើង ៧២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣។

វៀតណាម៖ គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ - ảnh 1ទេសភាពនៅឈូងសមុទ្រ Ha Long។ (រូបថត៖ VOV)

ការស្តារឡើងវិញពេញលេញ

ជាមួយនឹងបរិមាណភ្ញៀវអន្តរជាតិនេះ ទេសចរណ៍វៀតណាមបានងើបឡើងវិញយ៉ាងពេញលេញ ក្រោយពីជំងឺរាតត្បាត Covid-១៩ សូម្បីតែកើនឡើង ៣,២% បើធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០១៩ ដែលជាពេលវេលាមុនពេលជំងឺរាតត្បាតផ្ទុះឡើងផងដែរ។ គួរឲ្យកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាម គឺស្មើៗគ្នាក្នុងអំឡុងពេល ៣ ខែដើមឆ្នាំ ពោលគឺជាង ១,៥ លាននាក់ក្នុងមួយខែ។

យោងតាមលោក Nguyen Huy Hoang នាយកប្រតិបត្តិនៃផ្លាតហ្វមសេវាកម្មទេសចរណ៍អន់ឡាញ Klook Vietnam បានឱ្យដឹងថា បច្ចុប្បន្ននេះទីផ្សារភ្ញៀវទេសចរអន្តរជាតិឈានមុខគេទាំង ៥ របស់វៀតណាមរួមមាន៖ កូរ៉េខាងត្បូង តៃវ៉ាន់ (ចិន) សិង្ហបុរី ហុងកុង និងហ្វីលីពីន។ ទោះជាយ៉ាងណាក៏ដោយ គួរឲ្យកត់សម្គាល់ថា កំណើនភ្ញៀវអន្តរជាតិគួរឲ្យចាប់អារម្មណ៍បំផុត គឺមកពីទីផ្សារដែលទើបលេចចេញ។ យោងតាម Klook ភ្ញៀវទេសចរឥណ្ឌូនេស៊ីនាំមុខគេជាមួយនឹង តម្រូវការធ្វើដំណើរមកកាន់វៀតណាម កើនឡើង ៨ ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តៃវ៉ាន់ (ចិន) តាមពីក្រោយដោយអត្រាកំណើន ៥ ដង ហើយអឺរ៉ុបជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងអត្រាកំណើន ៤ ដង។ តួរលេខទាំងនេះបង្ហាញថា វៀតណាមកំពុងបំពេញកាន់តែល្អនូវតម្រូវការដ៏សម្បូរបែបរបស់ភ្ញៀវទេសចរអន្តរជាតិ រួមទាំងភ្ញៀវទេសចរដែលស្នាក់នៅរយៈពេលខ្លី រហូតដល់អ្នកដែលចង់ស្នាក់នៅរយៈពេលវែងនៅប្រទេសវៀតណាម។ ភ្ញៀវទេសចរអន្តរជាតិមួយចំនួនបានចែករំលែកថា៖

“ខ្ញុំមក Da Nang នៅពេលណាដែលខ្ញុំអាចធ្វើបាន។ ទីក្រុង Da Nang មានឆ្នេរដ៏ស្រស់ស្អាត សកម្មភាពជាច្រើន សហគមន៍ជនបរទេសដ៏ស្វាហាប់ ហើយអ្នកអាចធ្វើសកម្មភាពជាច្រើនដូចជា៖ ហាត់យូហ្កា ដើរលេងពេលរាត្រី រីករាយជាមួយការប្រគុំតន្ត្រីផ្ទាល់ មានរមណីយដ្ឋានជាច្រើន ទីក្រុងដ៏ស្រស់បំព្រង មនុស្សរួសរាយរាក់ទាក់ និងអាកាសធាតុអស្ចារ្យផងដែរ”។

“ខ្ញុំធំធាត់នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ហើយលោកទស្សនៈ ទាំងមូលរបស់ខ្ញុំគឺអំពីតម្លៃរបស់លោកខាងលិច។ ពេលខ្ញុំទើបមកកាន់វៀតណាម ខ្ញុំមានការភ្ញាក់ផ្អើលចំពោះវប្បធម៌ ប៉ុន្តែក្រោយពីស្នាក់នៅទីនេះមួយរយៈ លោកទស្សនៈរបស់ខ្ញុំទាក់ទងនឹងតម្លៃ ឬទស្សនវិស័យរបស់ខ្ញុំបានផ្លាស់ប្តូរហើយ ពីព្រោះប្រជាជនវៀតណាមពិតជាមានចិត្តល្អ រួសរាយរាក់ទាក់ និងប្រកប
ដោយភាពអត់ឱននិងស្មោះស្ម័គ្រ”។

“ខ្ញុំពិតជាចាប់អារម្មណ៍ចំពោះវៀតណាមខ្លាំងណាស់។ ខ្ញុំទើបតែមកដល់ទីក្រុងហូជីមិញ ហើយមិនទាន់មានឱកាសទៅលេងកន្លែងផ្សេងទៀតនៅឡើយទេ ប៉ុន្តែខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបដែលអ្វីៗទាំងអស់ត្រូវបានអភិវឌ្ឍន៍នៅទីនេះ។ ប្រាកដណាស់ថា ខ្ញុំក៏បានឮច្រើនអំពីភាពសប្បុរសរបស់ជនជាតិវៀតណាម ហើយខ្ញុំបានមើលឃើញវាដោយខ្លួនឯង”។

វៀតណាម៖ គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ - ảnh 2ភ្ញៀវទេសចរមកទស្សនាព្រះបរមរាជវាំង Hue។ (រូបថត៖ VOV)

លើកកំពស់ឋានៈនៃផ្នែកទេសចរណ៍

ការកើនឡើងយ៉ាងខ្លាំងនៃបរិមាណភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមក្នុងត្រីមាសទីមួយឆ្នាំនេះ ត្រូវបានចាត់ទុកថា ជាលទ្ធផលនៃយុទ្ធសាស្ត្រពិពិធកម្មផលិតផលដែលផ្នែកទេសចរណ៍វៀតណាមបានអនុវត្តន៍នាពេលកន្លងមកនេះ។ ការធ្វើស្ថិតិរបស់ Klook បង្ហាញថា ក្រៅពីផលិតផលទេសចរណ៍បែបប្រពៃណី ភ្ញៀវទេសចរអន្តរជាតិ កំពុងមកកាន់គោលដៅទេសចរណ៍ថ្មីៗជាច្រើនទៀតដូចជា៖ មជ្ឈមណ្ឌលកម្សាន្ត សួនកម្សាន្ត (Sun World, Vin Wonders, Vinpearl Safari…) ឬដំណើរកម្សាន្តថ្មីៗ ដូចជា៖ ដំណើរទស្សនាឈូងសមុទ្រហាឡុង ដោយនាវាទេសចរណ៍ លំដាប់ផ្កាយ ៥ Cozy Bay Premium។ ជាពិសេស ដំណើរទស្សនាកម្សាន្តដោយនាវាទេសចរណ៍លំដាប់ខ្ពស់ បានកត់ត្រាកំណើនដ៏ខ្លាំង។ ចាប់តាំងពីដើមឆ្នាំនេះមក មានជើងនាវាទេសចរណ៍ជិត ២០ ជើង ដែលនាំភ្ញៀវជិត ២ម៉ឺននាក់ទៅកាន់កំពង់ផែ Tien Sa (ទីក្រុង Da Nang) ដើម្បីទៅទស្សនា Da Nang, Hue, Quang Nam ហើយជើងនាវាទេសចរណ៍ប្រហែល ១៥ ជើង នាំភ្ញៀវទេសចររាប់ម៉ឺននាក់ទៅកាន់ទីក្រុង Nha Trang។ សម្ព័ន្ធក្រុមហ៊ុន Royal Caribbean វាយតម្លៃប្រទេសវៀតណាមថា ជាកន្លែងមួយក្នុងចំណោមកន្លែងពេញនិយមបំផុតទាំងបីនៅអាស៊ីអាគ្នេយ៍ របស់ភ្ញៀវដែលធ្វើដំណើរតាមនាវាទេសចរណ៍អន្តរជាតិ ។ យោងតាមលោក Ha Van Sieu អនុប្រធាននាយកដ្ឋានទេសចរណ៍ជាតិវៀតណាម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ប្រការនេះបង្ហាញថា វិស័យទេសចរណ៍វៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទាក់ទងនឹងគុណភាព៖

“មិនត្រឹមតែទាក់ទងនឹងចំនួនទេ យើងឃើញថាទេសចរណ៍វៀតណាមកំពុងផ្លាស់ប្តូរទៅកាន់ស្ថានភាពថ្មី ប្រកបដោយគុណភាពខ្ពស់ និងលំដាប់ខ្ពស់ ដែលទាក់ទាញភ្ញៀវទេសចរប្រកបដោយគុណភាពខ្ពស់ អាស្រ័យដោយផលិតផលទេសចរណ៍លំដាប់ខ្ពស់ និងសម្បូរបែប”។

ដើម្បីពង្រឹងការផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាទាក់ទងនឹងគុណភាពនេះ ផ្នែកទេសចរណ៍វៀតណាមនៅឆ្នាំ ២០២៤ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ធំៗជាច្រើននៅតាមទីផ្សារទេសចរណ៍នានា ដោយមានការច្នៃប្រឌិតទម្រង់ផ្សព្វផ្សាយតាមរយៈការសម្តែងវប្បធម៌ ភាពយន្ត រៀបចំ "ទិវាវៀតណាម" ជាច្រើននៅក្នុងប្រទេសផ្សេងៗ ... លើសពីនេះ យោងតាមនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម ថ្មីៗនេះ គេហទំព័រ vietnam.travel ដែលផ្សព្វផ្សាយទេសចរណ៍របស់នាយកដ្ឋាន បានវ៉ាដាច់ប្រទេសថៃ និងប្រទេសជាច្រើនក្នុងតំបន់ ដូច្នេះការប្រាស្រ័យទាក់ទងគ្នានៅលើផ្លាតហ្វមឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ នឹងជាអាទិភាពដ៏ធំមួយនាពេលខាងមុខ ដើម្បីជួយឱ្យទេសចរណ៍វៀតណាមសម្រេចបាន ឬលើសពីគោលដៅទទួលស្វាហគមន៍ភ្ញៀវអន្តរជាតិចំនួន១៨លាននាក់នៅឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ